
វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំយុទ្ធនាការចុះបញ្ជីគាំពារសង្គមលើផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
ខេត្តកំពង់ធំ, ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំយុទ្ធនាការចុះបញ្ជីគាំពារសង្គមលើផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីលេខាធិការដ្ឋាន អ.ប.ប. និងមានការចូលរួមពីមន្ត្រីនៃមន្ទីរផែនការខេត្តកំពង់ចាម និងខេត្តសៀមរាប ព្រមទាំងមន្ត្រីអនុវត្តកម្មវិធីនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ ក្នុងការប្រើប្រាស់ "ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ" ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ នាពេលថ្មីៗនេះ និងដើម្បីឈានទៅត្រៀមលក្ខណៈអនុវត្តយុទ្ធនាការចុះបញ្ជីគាំពារសង្គម ទូទាំងប្រទេស ដែលនឹងរៀបចំឡើងជាជំហានៗ ដោយចាប់ផ្តើមពីស្រុកជើងព្រៃ នៃខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប សរុប ២២ ឃុំ/សង្កាត់។
គួរបញ្ជាក់ផងដែរថា, ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ការអនុវត្តយុទ្ធនាការចុះបញ្ជីគាំពារសង្គមនេះ នឹងពង្រឹងសុក្រឹតភាព តម្លាភាព និងគុណភាពទិន្នន័យចុះបញ្ជី នៃគ្រួសារមានបណ្ណសមធម៌ ជាអតិបរមាបន្ថែមទៀត តាមរយៈការធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានស្រាប់ ដោយប្រមូលបន្ថែមនូវទិន្នន័យប្រជាសាស្ត្រ និងទិន្នន័យជីវមាត្រ (រូបថតផ្ទៃមុខ និងខ្ចៅដៃ)។












