
ការពិនិត្យវឌ្ឍនភាព និងបូកសរុបលទ្ធផលនៃការអនុវត្តកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ក្នុងឆ្នាំ២០២៥ និងត្រៀមផែនការសកម្មភាពឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបលទ្ធផលបច្ចេកទេសនៃការអនុវត្តកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ក្នុងឆ្នាំ២០២៥ និងត្រៀមផែនការសកម្មភាពបច្ចេកទេសសម្រាប់អនុវត្តសម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌអន្តរប្រតិបត្តិករ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ, នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច យុវជន និងយុវនីតិសម្បទា, បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, និងមូលនិធិជាតិជំនួយសង្គម។
គួរបញ្ជាក់ផងដែរថា, ក្នុងឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអន្តរប្រតិបត្តិករ បានសហការប្រកបដោយស្មារតីបុរេសកម្ម និងសម្រេចបានវឌ្ឍនភាព តាមការគ្រោងទុក ដោយបានដាក់ឱ្យដំណើរការការចុះបញ្ជីកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម សរុបចំនួន ១០ កម្មវិធី/របប និងតភ្ជាប់មូលដ្ឋានទិន្នន័យពាក់ព័ន្ធចំនួន ៦ បានដោយជោគជ័យ ស្របតាមគោលដៅយុទ្ធសាស្ត្រ នៃផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម(២០២៤-២០២៨) របស់រាជរដ្ឋាភិបាល។




