
ការចុះពិនិត្យ និងតាមដានការអនុវត្តសាកល្បងនូវយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យ តាមដាន និងគាំទ្រការអនុវត្តសាកល្បងនូវយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នៅឃុំ/សង្កាត់ទូទាំងស្រុកជើងព្រៃ នៃខេត្តកំពង់ចាម។
យុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ រួមមានទិន្នន័យផ្ទៃមុខ និងខ្ចៅដៃ ព្រមទាំងទិន្នន័យសម្គាល់អត្តសញ្ញាណរបស់សមាជិកគ្រួសារដែលកាន់បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យនេះ បាន និងកំពុងដឹកនាំការអនុវត្តដោយក្រសួងផែនការ និងមានចូលរួមគាំទ្រកម្រិតបច្ចេកទេស ដោយលេខាធិការដ្ឋាន អ.ប.ប. ដែលកំពុងចាប់ផ្តើមអនុវត្តសាកល្បងក្នុងវិសាលភាពទូទាំងស្រុកជើងព្រៃ នៃខេត្តកំពង់ចាម និងក្រុងសៀមរាប នៃខេត្តសៀមរាប ក៏ដូចជានឹងបន្តពង្រីកវិសាលភាពនៃការអនុវត្ត ជាដំណាក់កាលៗ។
គួរបញ្ជាក់ផងដែរថា, យុទ្ធនាការប្រមូលទិន្នន័យជីវមាត្រនេះ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងគោលដៅធ្វើបច្ចុប្បន្នកម្មទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានស្រាប់ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងសុក្រឹតភាពខ្ពស់។








