
កិច្ចប្រជុំពិនិត្យលទ្ធផលនៃការអភិវឌ្ឍ "ផតថលចុះបញ្ជីកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ" លើថ្នាលគាំពារសង្គមឌីជីថលកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
លេខាធិការដ្ឋាន អ.ប.ប., នាយកដ្ឋានគោលនយោបាយ, និងនាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានសហការសម្របសម្រួលកិច្ចប្រជុំជាមួយតំណាងនៃ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ, មូលនិធិជាតិជំនួយសង្គម, និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីពិនិត្យលើលទ្ធផលនៃការអភិវឌ្ឍ "ផតថលចុះបញ្ជីកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ (GBSP)" លើថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (DSPP) ក្នុងគោលដៅវិចខ្ចប់កិច្ចការបច្ចេកទេស ឈានទៅគាំទ្រការអនុវត្តកម្មវិធី GBSP នេះ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
គួរបញ្ជាក់ផងដែរថា, មុខងារទាំងស្រុងនៃកម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការ លើថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដោយធ្វើអន្តរប្រតិបត្តិការក្នុងកាលិកពិត (Real-time) ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ប្រតិបត្តិករពាក់ព័ន្ធ និងត្រៀមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។







