
លេខាធិការដ្ឋាន អ.ប.ប. និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការអនុវត្ត "យុទ្ធនាការចុះបញ្ជីគាំពារសង្គម"
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, លេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ក្នុងគោលដៅពិភាក្សាលើទិដ្ឋភាពបច្ចេកទេស, វិសាលភាព, ក្របខណ្ឌពេល, និងនីតិវិធីនៃការអនុវត្តយុទ្ធនាការចុះបញ្ជីគាំពារសង្គម តាមរយៈថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានតម្លាភាពបន្ថែមទៀត។ បន្ថែមលើនេះ, ការបង្កើនគុណភាពទិន្នន័យគ្រួសារក្រីក្រ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការផ្ទៀងផ្ទាត់ទិន្នន័យចុះបញ្ជីក្នុងក្របខណ្ឌនៃការអនុវត្តប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយថ្មី របស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ពោលគឺនឹងជួយសម្រួល និងពន្លឿនការបញ្ជាក់ចំណាយ និងផ្តល់សេវាថែទាំសុខភាពជូនពលរដ្ឋដែលកាន់បណ្ណសមធម៌ កាន់តែរហ័ស និងមានតម្លាភាពខ្ពស់។





