
កិច្ចប្រជុំពិភាក្សា ស្តីពីលទ្ធភាពនៃការផ្ទៀងផ្ទាត់ទិន្នន័យ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តរបបសន្តិសុខសង្គម
ទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម, ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយ តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលដឹកនាំដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ដើម្បីស្វែងយល់ពីវឌ្ឍនភាពជុំវិញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងសិក្សាពីលទ្ធភាពនៃការផ្ទៀងផ្ទាត់ទិន្នន័យ សំដៅធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព។
ក្រៅពីការផ្ទៀងផ្ទាត់ទិន្នន័យ, កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើ ការប្រើប្រាស់សេវាគាំទ្រនានាដែលមានលើថ្នាលឌីជីថលគាំពារសង្គម ព្រមទាំងលេខសម្គាល់គាំពារសង្គម ដើម្បីជំរុញការធ្វើអន្តរប្រតិបត្តិការ ដែលមិនត្រឹមតែចូលរួមសម្រួលដល់ការផ្តល់សេវានោះទេ ប៉ុន្តែក៏អាចធ្វើឱ្យគុណភាពទិន្នន័យកាន់តែល្អប្រសើរឡើង សំដៅគាំទ្រដល់ការរៀបចំគោលនយោបាយផងដែរ។











