
កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យរបាយការណ៍លទ្ធផលនៃការធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៅមូលនិធិជាតិជំនួយសង្គម
ការិយាល័យលេខាធិការដ្ឋាន អ.ប.ប., ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលនៃការធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៅមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សម្រាប់ការិយបរិច្ឆេទ២០២៤។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិ, ពិភាក្សាលើទិដ្ឋភាពនានាពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល ចំណាយថវិកា និងទ្រព្យសម្បត្តិរដ្ឋរបស់ ម.ជ.ជ., និងស្វែងយល់ពីវឌ្ឍនភាពនៃការកែលម្អស្របតាមអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់លើការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ម.ជ.ជ. និងការបណ្តុះបណ្តាលសមត្ថភាពផងដែរ សំដៅគាំទ្រដល់ការអនុវត្តការងារ ជាពិសេសការធ្វើបច្ចុប្បន្នកម្ម និងការផ្ទៀងផ្ទាត់ទិន្នន័យ ឱ្យកាន់តែមានសុក្រឹតភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងមូលនិធិជាតិជំនួយសង្គម, អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។










