
ពិធីប្រគល់-ទទួលឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ
ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលបានប្រគល់ជូនមន្រ្តីឃុំ/សង្កាត់ទាំង ៨១ នៃខេត្តកំពង់ធំនេះ នឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីបម្រើដល់ប្រតិបត្តិការចុះបញ្ជីគាំពារសង្គម តាមថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បន្ទាប់ពីការដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
សូមគូសបញ្ជាក់ផងដែរថា, ខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលត្រូវបានដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ស្របតាមផែនការនៃការពង្រីកវិសាលភាពនៃការអនុវត្តកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ជាជំហានៗទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល។










