
ការពិនិត្យលទ្ធភាពជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធអេកូឡូស៊ីគាំពារសង្គម និងប្រព័ន្ធអេកូឡូស៊ីសុខាភិបាល
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារជំនាញនៃលេខាធិការដ្ឋាន អ.ប.ប. និងនាយកដ្ឋានពាក់ព័ន្ធ ជួបប្រជុំត្រីភាគី ជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ព្រមទាំងសហការី ដើម្បីពិនិត្យលទ្ធភាពឈានទៅជំរុញការធ្វើអន្តរប្រតិបត្តិការរវាងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម (Social Protection Registry) របស់រាជរដ្ឋាភិបាល និងមូលដ្ឋានទិន្នន័យចុះបញ្ជីអ្នកជំងឺ (Client Registry) របស់ក្រសួងសុខាភិបាល ដែលកំពុងត្រូវបានគិតគូរ និងរៀបចំ ស្របតាមសេចក្តីព្រាងយុទ្ធសាស្ត្រសុខាភិបាលឌីជីថល។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើទិដ្ឋភាពសំខាន់ៗចំនួន ២ រួមមាន (១) ការប្រើប្រាស់លេខសម្គាល់គាំពារសង្គម (SPID) ក្នុងប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) បន្ថែមលើលេខសម្គាល់សុខាភិបាល (Health ID) ដើម្បីបម្រើដល់ការបញ្ជាក់ចំណាយ អនុលោមតាមអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល, និង (២) កិច្ចសហប្រតិបត្តិការឈានទៅសិក្សាលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបានការធ្វើអន្តរប្រតិបត្តិការពេញលេញ រវាងប្រព័ន្ធអេកូឡូស៊ីគាំពារសង្គម និងប្រព័ន្ធអេកូឡូស៊ីសុខាភិបាល។










