
កិច្ចប្រជុំជាមួយធនាគារជាតិនៃកម្ពុជា លើការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ក្នុងប្រព័ន្ធគាំពារសង្គម
ធនាគារជាតិនៃកម្ពុជា, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន ព្រមទាំងនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាជាមួយ លោក ម៉ែន ភក្តី អគ្គនាយករងនៃអគ្គនាយកដ្ឋានបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃធនាគារជាតិនៃកម្ពុជា រួមជាមួយតំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ វីង (ខេមបូឌា) ម.ក. ដើម្បីពិគ្រោះយោបល់ លើការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ក្នុងប្រព័ន្ធគាំពារសង្គម។
កិច្ចពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូល មុនឈានទៅរៀបចំទស្សនាទាន ស្តីពីការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ក្នុងប្រព័ន្ធគាំពារសង្គម ដោយប្រើប្រាស់យន្តការអន្តរប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានស្រាប់ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃដំណើរការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ឱ្យកាន់តែមានភាពលឿនរហ័ស និងតម្លាភាព បន្ថែមទៀត។











