
ឌីជីថលូបនីយកម្មលើការផ្តល់សេវាសុខាភិបាលក្នុងប្រព័ន្ធគាំពារសង្គមដោយប្រើប្រាស់គន្លងអន្តរប្រតិបត្តិការធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែងាយស្រួល
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចសិក្សាមានគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តការបញ្ជាក់ចំណាយតាមប្រព័ន្ធឌីជីថល និងប្រមូលធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ពន្លឿនការផ្តល់សេវាសុខាភិបាលសម្រាប់ទាំងរបបសន្តិសុខសង្គមរបស់សមាជិក ប.ស.ស. និងរបបជំនួយសង្គមសម្រាប់អ្នកកាន់បណ្ណសមធម៌។
គួរបញ្ជាក់ផងដែរថា មុខងារបញ្ជាក់ចំណាយឌីជីថលត្រូវបានបំពាក់លើប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) ដែលជាប្រព័ន្ធមួយដែលបាន និងកំពុងដាក់ឱ្យដំណើរការលើថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលតាមរយៈគន្លងអន្តរប្រតិបត្តិការដែលបានដាក់ចេញ ប្រព័ន្ធនេះមានលទ្ធភាពផ្លាស់ប្តូរទិន្នន័យជាមួយប្រតិបត្តិករពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលបំណងរួម ស្របតាមគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។





