
បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានជ្រើសសម្រាប់ដាក់បង្ហាញ (Showcase) ជាសកល ក្នុងវេទិកានៃកិច្ចប្រជុំកំពូលពិភពលោកលើកទី២ ក្រោមប្រធានបទការអភិវឌ្ឍសង្គម
បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award) ផ្នែកអន្តរប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម, ទីភ្នាក់ងារគំនិតផ្តួចផ្តើមបង្រួបបង្រួមឌីជីថល (DCI) ដែលជាគំនិតផ្តួចផ្តើមសកល បានអញ្ជើញ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម ចូលរួមជាមួយគណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២ ស្តីពីការអភិវឌ្ឍសង្គម ដែលជាផ្នែកមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីបង្ហាញ (Showcase) អំពីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលត្រូវបានចាត់ទុកជាការអនុវត្តល្អបំផុតលំដាប់អន្តរជាតិ (Global Best Practices)។
គួរបញ្ជាក់ផងដែរថា, កិច្ចប្រជុំកំពូលពិភពលោកលើកទី២ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីដូហា នៃប្រទេសកាតា។


