
ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានដាក់ជាគំរូ ដើម្បីបង្ហាញ (Showcase) ក្នុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម
កិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍន៍សង្គម ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនេះ មានអ្នកចូលរួមច្រើនជាង ១៤,០០០ នាក់ ពីប្រទេសចំនួន ១៨៦ ប្រទេស រួមទាំងប្រមាណ ១១៧ ប្រទេស តំណាងដោយប្រមុខរដ្ឋ ឬប្រមុខរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះរួមបញ្ចូលវេទិកាពិភាក្សា និងព្រឹត្តិការណ៍អមពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាសកលនានា ក្នុងការលុបបំបាត់ភាពក្រីក្រ និងការចូលរួមសង្គម ជាពិសេសកិច្ចប្រជុំពេញអង្គ ស្តីពីការជំរុញកិច្ចគាំពារសង្គមជាសកល តាមរយៈការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលត្រូវបានចាត់ទុកជាឧត្តមានុវត្តន៍សកល (Global Best Practice) កម្ពុជាត្រូវបានអញ្ជើញឱ្យនាំយកគំនិតផ្តួចផ្តើមឌីជីថលរបស់ខ្លួនមកដាក់ជាគំរូ ដើម្បីបង្ហាញ (Showcase) ក្នុងកិច្ចប្រជុំកំពូលនេះ។
គួរបញ្ជាក់ផងដែរថា, ក្រៅពីការបង្ហាញអំពីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា, ឯកឧត្តម យោគ សាមឌី ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាកម្រិតគោលនយោបាយ ជាមួយតំណាងប្រទេសប្រេស៊ីល, ប្រទេសហ្គាំប៊ី, សភាអឺរ៉ុប, និងទីប្រឹក្សាជាន់ខ្ពស់ មកពីធនាគារពិភពលោក ដើម្បីពិភាក្សាអំពីដំណោះស្រាយ និងគោលនយោបាយឌីជីថលកម្រិតខ្ពស់ ផងដែរ។







