
ការបន្តចុះពិនិត្យ និងតាមដានការអនុវត្តសាកល្បងនូវយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
ក្រុងសៀមរាប ខេត្តសៀមរាប, ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦
បន្ទាប់ពីបានចុះពិនិត្យ និងតាមដានការអនុវត្តសាកល្បងនូវយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានបន្តចុះពិនិត្យ និងតាមដានការអនុវត្តសាកល្បងនូវយុទ្ធនាការនេះ នៅក្រុងសៀមរាប ខេត្តសៀមរាប។
យុទ្ធនាការប្រមូលទិន្នន័យជីវមាត្រនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងភាពត្រឹមត្រូវ សុក្រឹតភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម តាមរយៈការប្រមូលទិន្នន័យផ្ទៃមុខ និងខ្ចៅដៃ ព្រមទាំងការធ្វើបច្ចុប្បន្នកម្មទិន្នន័យសម្គាល់អត្តសញ្ញាណរបស់សមាជិកគ្រួសារកាន់បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ។ គួរបញ្ជាក់ផងដែរថា ការអនុវត្តនេះ ត្រូវបានដឹកនាំដោយក្រសួងផែនការ និងមានការគាំទ្រកម្រិតបច្ចេកទេស ដោយលេខាធិការដ្ឋាន អ.ប.ប. ដែលកំពុងអនុវត្តសាកល្បងនៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប មុននឹងបន្តពង្រីកវិសាលភាពជាដំណាក់កាលៗ។
ឆ្លៀតក្នុងឱកាសនេះ, ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់មួយចំនួន ដែលកំពុងប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមផងដែរ ដើម្បីស្តាប់ពីបទពិសោធជាក់ស្តែង បញ្ហាប្រឈម និងសំណូមពរនានា។ ក្រុមការងារពាក់ព័ន្ធនឹងពិនិត្យ និងសិក្សាបន្ថែមលើធាតុចូលទាំងនេះ សំដៅបន្តកែលម្អប្រព័ន្ធ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គមឱ្យបានកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពខ្ពស់ជូនដល់ពលរដ្ឋ។















