
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម”
រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម» និង «សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម» ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងលេខាធិការដ្ឋាន អ.ប.ប., អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា, និងទីភ្នាក់ងារគំនិតផ្តួចផ្តើមបង្រួបបង្រួមឌីជីថល (Digital Convergence Initiative) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករគាំពារសង្គម និងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះមានគោលបំណងពិភាក្សា, ផ្លាស់ប្ដូរយោបល់, និងប្រមូលធាតុចូល សំដៅធ្វើឱ្យ ការរៀបចំឯកសារទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត។ គួរបញ្ជាក់ផងដែរថា ការជំរុញអន្តរប្រតិបត្តិការ និងការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម ជាការងារអាទិភាពស្របតាមការកំណត់របស់ផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ដែលនឹងចូលរួមពង្រឹងកិច្ចសហការ និងការផ្លាស់ប្តូរទិន្នន័យរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ខណៈធានាបាននូវការការពារទិន្នន័យបុគ្គលពេញមួយវដ្ដជីវិត ដោយផ្អែកតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។















