
ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា បន្តពង្រីកវិសាលភាពទូទាំងខេត្តស្វាយរៀង
សាលាខេត្តស្វាយរៀង, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំ “ពិធីប្រគល់-ទទួលសម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តស្វាយរៀង” ក្រោមអធិបតីភាព ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប., លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម, និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត/ក្រុង/ស្រុក និងមន្ត្រីឃុំ/សង្កាត់ សរុបប្រមាណ ៣០០ រូប។
ក្នុងពិធីនេះ, ឃុំ/សង្កាត់ចំនួន ៨០ ទូទាំងខេត្តស្វាយរៀង ទទួលបានសម្ភារៈឌីជីថលចំនួន ១ឈុត ក្នុង ១ឃុំ/សង្កាត់ ដែលរួមមានកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្ពស់, ម៉ាស៊ីនព្រីនពណ៌, កាមេរ៉ាថតឯកសារ, និងឧបករណ៍ស្កេនខ្ចៅដៃ ដែលមិនត្រឹមតែបម្រើឱ្យការផ្តល់សេវាគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា កាន់តែទំនើប និងងាយស្រួលប៉ុណ្ណោះទេ តែក៏អាចជួយគាំទ្រការផ្តល់សេវារដ្ឋបាលសាធារណៈទូទៅ ផងដែរ។








