
គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦៖ ឃុំ/សង្កាត់សរុប ៦៨៦ ស្មើនឹង ៤១.៥៣% នៃឃុំ/សង្កាត់ទូទាំងប្រទេស ត្រូវបានបំពាក់ថ្នាល DSPP ដើម្បីផ្តល់សេវាគាំពារសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងស្វ័យប្រវត្តិកម្ម
សាលាខេត្តកំពង់ស្ពឺ, ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំ “ពិធីប្រគល់-ទទួលសម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP)” ក្រោមអធិបតីភាព ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ត្រីអនុវត្តកម្មវិធីពាក់ព័ន្ធសរុប ៣៥០រូប។ ក្នុងពិធីខាងលើ, ឃុំ/សង្កាត់សរុប ៨៧ ទូទាំងខេត្តកំពង់ស្ពឺ ត្រូវបានប្រគល់ជូននូវសម្ភារៈឌីជីថល ដើម្បីប្រើប្រាស់ក្នុងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម តាមរយៈថ្នាល DSPP។ គិតមកដល់ពេលនេះ ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្រិតឃុំ/សង្កាត់ និងការដំឡើងនូវថ្នាលឌីជីថល DSPP បានពង្រីកវិសាលភាពគ្របដណ្តប់ឃុំ/សង្កាត់សរុប ៦៨៦ ស្មើនឹង ៤១.៥៣% នៃឃុំ/សង្កាត់ទូទាំងប្រទេស។









